ទំព័រវែបសាយនេះសំរាបនិសិត្យ សិស្សានុសិស្ស បញ្ញវន្តអ្នកសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរ Trang web này dành cho học sinh, sinh viên đang học chuyên môn khmer ngữ hoặc các học sĩ, trí thức muốn nghiên cứu ngôn ngữ văn hóa khmer

Thứ Tư, 23 tháng 1, 2013

រឿងផ្កាស្រពោន

          គ្រា​ កាល​ព្រះ​សុរិយ​ទេវបុត្ត ទ្រង់​គង់​លើ​វិមាន​កែវ​ផលិត ដែល​ជា​រថ​ព្រះទីន័ង​ទឹម​ដោយ ​សេះ​អាជានេយ្យ​មួយ​ពាន់ ទ្រង់​បរ​ប្រទក្សិណ​ភ្នំ​ព្រះ​សិនេរុ​រាជ តាំង​អំពី​ទិស​បូព៌ា​យាត្រា​សំដៅ​ទៅ​ ទិស​បស្ចិម តាម​ចក្រ​រាសី​នៃ​សុរិយ​ចក្កវាឡ លុះ​ដល់​កំណត់​បត់​ព្រះ​រាជ​រថ​ចូល​បាំង​ជ្រុង​មហា​បព្វតា រស្មី​ព្រះ​សុរិយា ​ក៏​ជ្រាល​ជ្រេ​ចូល​កាន់​សន្ធ្យា​រាត្រី  នា​វេលា​នោះ​ជា​ខាង​ខ្នើត ១៥ កើត ខែ កត្តិក ឆ្នាំ ច ចត្វាស័ក ព.ស. ២៤៧០  ព្រះ​ចន្ទ្រ​ទេវ​បុត្រ​យាង​ឡើង​គង់​លើ​វិមាន​ប្រាក់ ជា​រាជ​រថ​ព្រះទីន័ង  បរ​ចេញ​មក​ពី​ទិស​បូព៌ា ឆ្លុះ​ពន្លឺ​ពណ៌​ប្រាក់​ទៅ​ សព្វ​ផែន​ពសុធា ព្រះ​  ចន្ទ្រា​ហាក់​ដូច​ជា​មៀង​មើល​មក​យ៉ាង​ស្រស់​ញញឹម ឆ្ពោះ​ចំ​ទៅ​លើ​ដំបូល​គេហស្ថាន​មួយ ​នៅ​ខាង​លិច​ផ្សារ​ស្វាយ​ប៉ោ ដែល​ជា​ផ្សារ​វិល​ក្នុង​ទី​រួម​ខេត្ត​បាត់​ដំបង ។
           ឯ​គេហស្ថាន​នោះ ជា​ផ្ទះ​ចាស់​ប្រក់​ក្បឿង​ដំបូល​ពីរ​ជាន់  ជញ្ជាំង​ក្ដារ  ក្រាល​ក្ដារ  សសរ​មូល  នៅ​ហោជាង​មាន​រូប​ចម្លាក់​ឈើ​ធ្វើ​ជា​រូប​រាហូ​លេប​ខែ  នៅ​ខាង​ក្រោម​រូប​នេះ​គេ​ឆ្លាក់​ជា​អក្សរ​មូល​តួ​ធំៗ​ថា ‹ សិរិ​ពង្ស › ជា​ផ្ទះ​ខ្មែរ​បែប​បុរាណ ដែល​នៅ​សេស​សល់​ដល់​មក​សម័យ​ឥឡូវ​នេះ ។
           ក្នុង​វេលា​រាត្រី​នោះ ពន្លឺ​រស្មី​នៃ​ដួង​ចន្ទ្រ​កំពុង​ចាំង​ឆ្លុះ​ចូល​មក​តាម​ចន្លោះ​បង្អួច ហើយ​មាន​ខ្យល់​ត្រជាក់​បក់​ផាត់​ជាយ​ចូល​មក​យ៉ាង​រំភើយ ។ ល្ហើយ​ត្រសៀក​ល្មម​ត្រជាក់​ស្រួល  នៅ​ខាង​ក្នុង​គេហស្ថាន​នោះ មាន​កូន​ចង្កៀង​ប្រេងកាត​មួយ ចង​ព្យួរ​នឹង​ជញ្ជាំង​ក្ដារ​ល្មម​តែ​ឆ្លុះ​ពន្លឺ ឲ្យ​មើល​មក​ឃើញ​បុរស​ជរា​ម្នាក់ មាន​រាង​កាយ​ស្គាំងស្គម​ឥត​សាច់​ឈាម មាន​តែ​ស្បែក​ដណ្ដប់​ឆ្អឹង ដេក​ស្ដូកស្ដឹង​នា​កណ្ដាល​ល្វែង​បន្ទប់  នៅ​ក្បែរ​ខាង​បុរស​ជរា​នេះ មាន​ក្មេង​កំឡោះ​ម្នាក់ មុខ​មាត់​ស្រស់បស់ អង្គុយ​ចាំ​បម្រើ​ថែ​រក្សា​ជម្ងឺ​របស់​បុរស​ជរា ដោយ​កិរិយា​ឫកពា​ស្រពោន​ស្រពាប់ ស្រងូតស្រងាត់ ឥត​មាន​រីករាយ​បន្តិច​ឡើយ  ដ្បិត​ខំ​អត់​ងងុយ​ទ្រាំ​ជម្ងឺ​របស់​បុរស​ជរា ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​ខ្លួន អស់​វេលា​៣​យប់​មក​ហើយ ។

                     ឯ​បុរស​ដែល​មាន​ជម្ងឺ​ជា​ទម្ងន់ កំពុង​ដេក​ស្ដូកស្ដឹង​នៅ​លើ​ដំណេក​នេះ​ឈ្មោះ ‹ចឺម›  ត្រកូល ‹សិរី​ពង្ស› កំពុង​តែ​ធ្លាក់​ខ្លួន​ទៅ​ជា​ចំណី​អាហារ​នៃ​រោគ​ជរា យូរៗ​គាត់​ដក​ដង្ហើម​ធំ​វែងៗ ហើយ​គាត់​ខំ​បើក​ភ្នែក​ក្រឡេក​មើល​ទៅ​ពាស​ពេញ​ទាំង​ល្វែង​បន្ទប់​ដេក ភ្នែក​ទាំង​គូរ​របស់​គាត់​សម្លឹង​ទៅ​ចំ​មុខ​ក្មេង​កំឡោះ​ម្នាក់ ដែល​អង្គុយ​នៅ​ក្បែរ​ខាង​ខ្លួន​គាត់ ។ ឯ​ក្មេង​កំឡោះ​នេះ​ឈ្មោះ ចៅ​ចិត្រ  ជា​កូន​បណ្ដូល​ចិត្ត​របស់​គាត់ ហើយ​ជា​អ្នក​ទទួល​វង្ស​ត្រកូល   ‹សិរី​ពង្ស› ត​ទៅ​អនាគត​ផង ទើប​គាត់​ខំ​ញញឹម​ទាំង​ក្រៀមក្រំ ប្រឹង​និយាយ​ដោយ​សូរ​សំឡេង​ញ័រៗ​ថា ៖ ‹ចិត្រ           កូន​មាស​ថ្លៃ​ឪពុក ! យប់យន់​ណាស់​ហើយ មិន​ទាន់​ទៅ​ដេក​ទេ​ឬ ? ទៅ  កូន​ទៅ​ដេក​ទៅ › តា​ចឺម​តឿន​បង្ខំ​ឲ្យ​កូន​ទៅ​ដេក​ក្រែង​អត់​ងងុយ​ទៅ​ជា​ឈឺ​ចាប់ ។
           ចៅ​ចិត្រ​គ្រវី​ក្បាល​ដោយ​អាការ​បដិសេធ ព្រម​ទាំង​មាន​ទឹក​មុខ​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ​បិតា ទើប​និយាយ​ជម្រាប​ទៅ​វិញ​ថា ‹ ខ្ញុំ​បាទ​មិន​ទាន់​ងងុយ​ទេ   លោក​ឪពុក ! ប្រហែល​ជា​លោក​ឪពុក​មិន​ទាន់​ពិសា​ថ្នាំ​យោង​កម្លាំង​ទេ​ដឹង ? លោក​គ្រូ​ពេទ្យ​បាន​ផ្ដាំ​ខ្ញុំ​បាទ​ថា សូម​ឲ្យ​លោក​ឪពុក​ពីសា​កុំ​ខាន› ។
           ‹ ថ្នាំ​ឬ កូន !› តា​ចឺម​និយាយ​ឮ​តែ​ក្នុង​បំពង់​ក ទំនង​ចំអក​ឲ្យ​ថ្នាំ​នោះ ព្រោះ​ជា​ថ្នាំ​គាត់​ដឹង​ថា ឥត​មាន​គុណ​វិសេស​អ្វី​បន្តិច​ឡើយ ហើយ​គាត់​និយាយ​ថា ‹ ឳ ! កូន​អើយ ថ្នាំ​នេះ​ឪពុក​បាន​ផឹក​មក​ច្រើន​លើក​ហើយ មិន​ឃើញ​មាន​គុណ​វិសេស​អ្វី ដែល​អាច​ជួយ​បន្ធូរ​បន្ថយ​ជម្ងឺ​ឲ្យ​បាន​ស្រាកស្រាន្ត​សោះ​ឡើយ  រោគ​ចំពួក​នេះ​ឪពុក​ស្គាល់​ច្បាស់​ថា​ជា​រោគ​ប្រចាំ​កាយ  “រក្សា​ក៏​ស្លាប់ មិន​រក្សា​ក៏​ស្លាប់ ” ឫទ្ធី​អំណាច​របស់​ថ្នាំ​ក្នុង​ខណៈ​នេះ មិន​វិសេស​ជាង​ទឹក​ទន្លេ​ទេ  កូន ! ›។
           ចៅ​ចិត្រ​មិន​ទាន់​បាន​និយាយ​តប​ទៅ​ឪពុក​វិញ ស្រាប់​តែ​លេច​បុរស​កណ្ដាល​អាយុ​ម្នាក់ ​ដើរ​ចូល​មក​ក្នុង​បន្ទប់  ហើយ​​ដាក់​គូថ​អង្គុយ​ក្បែរ​ខាង​អ្នក​ជម្ងឺ ហើយ​សួរ​ថា ‹ម៉េច​ទៅ​តា​ថ្ងៃ​នេះ អាការៈ​រោគ​បាន​ធូរ​ស្បើយ​ខ្លះ​ទេ ?›
           ‹ ឱ ! ពុទ្ធោ  ពុទ្ធោ !› តា​ចឺម​លាន់​មាត់​ឡើង កាល​បាន​ឮ​លោក​គ្រូ​ពេទ្យ​សួរ​ខ្លួន​ដូច្នោះ ហើយ​គាត់​និយាយ​ត​ទៅ​ទៀត​ថា ‹ ឱ ! លោក​គ្រូ​អើយ វេលា​នេះ ភ្នែក​ខ្ញុំ​បាទ​ស្រែ​ស្រវាំង​ងងឹត​អស់​ហើយ សូម​អត់​ទោស​ចុះ​ខ្ញុំ​បាទ​មិន​ដឹង​ជា​លោក​គ្រូ​អង្គុយ​នៅ​ត្រង់​ណា​ទេ › ។ ឯ​ចៅ​ចិត្រ​កាល​បើ​បាន​ឮ​សំដី​ឪពុក​និយាយ​ត្អូញត្អែរ​ដូច្នោះ ទឹក​ភ្នែក​ក៏​ហៀរ​ហូរ​សស្រាក់ ដោយ​ចិត្ត​អាណិត​ឪពុក​ពន់​ពេក ហើយ​ក៏​សម្លឹង​មើល​គ្រូ​ពេទ្យ និយាយ​អង្វរករ​សុំ​ឲ្យ​ជួយ​ស្រោច​ស្រង់​សង្គ្រោះ​បិតា​ឲ្យ​មាន​ជីវិត តែ​គ្រូ​ពេទ្យ​ដែល​ស្ទាត់​ជំនាញ​ក្នុង​វិធី​មើល​ជម្ងឺ ក៏​គ្រវី​ក្បាល​ដោយ​អស់​សង្ឃឹម  ខ្សឹប​ប្រាប់​ជិត​ត្រចៀក​ចៅ​ចិត្រ​ថា ‹ ឆ្លង​មិន​ផុត​អំពី​យប់​នេះ​ទេ › ។
                    តា​ចឺម​និយាយ​មួយៗ ទាំង​ហត់​ដង្ហក់​បបូរ​មាត់​សស្លាំង ញ័រ​ចំប្រប់​ខំ​និយាយ​ទៀត​ថា ‹ ខ្ញុំ​បាទ​គង់​មិន​មាន​ជីវិត​រស់​នៅ ទាល់​តែ​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​ក្នុង​ព្រឹក​ស្អែក​នេះ​ទៀត​ទេ › ខ្ញុំ​បាទ​យល់​ថា មិន​មែន​ជា​ការ​ចម្លែក​ខុស​ធម្មតា​ទេ ព្រោះ​មរណៈ​ធម៌​ជា​សភាវៈ​ទៀង​ទាត់ ដែល​មនុស្ស​សត្វ​ទូទៅ​ត្រូវ​តែ​ទទួល​យក​នឹង​ចៀស​វាង​ឲ្យ​ផុត​ពុំ​បាន​ឡើយ  ឯ​វិញ្ញាណ​និង​កាយ​ខ្លួន​ខ្ញុំ​បាទ ឥត​មាន​ស្រណោះ​អាឡោះ​អាល័យ​ប៉ុន្មាន​ទេ ស្លាប់​ហើយ​ត្រូវ​ទៅ​កើត​           ជា​អ្វី​ក៏​តាម​យថា​កម្ម​ចុះ  ហើយ​បែរ​ទៅ​និយាយ​ផ្ដែផ្ដាំ​ថា ‹ ចិត្រ កូន​សំឡាញ់​មាស​ឪពុក ! កាល​បើ​ឪពុក​អស់​បុណ្យ​​ទៅ​ហើយ ​ជីវិត​អ្នក​មុខ​ជា​រសាត់​អណ្ដែត ​ឥត​បង្គោលជា​បង្អែក​ ដូច​ជា​សំណាត់​ដែល ​អណ្ដែត​ក្នុង​ទន្លេ​ដូច្នោះ›។ ឯ​ចៅ​ចិត្រ​អួល​ដើម​ ក​ និយាយ​អ្វី​មិន​រួច​សោះ មាន​តែ​ទឹក​ភ្នែក​ហូរ​សស្រាក់​ឱន​មុខ​ជ្រប់​ក្រាប​ចុះ​ជិត​ជើង​ឪពុក ។ ចំណែក​ខាង​គ្រូ​ពេទ្យ ក៏​ងាក​មុខ​បែរ​ទៅ​ខាង​បង្អួច ស្ទើរ​តែ​ទ្រាំ​ទប់​ទឹក​ភ្នែក​ពុំ​បាន​ដែរ ។
           តា​ចឺម​និយាយ​ផ្ដាំ​ទាំង​ហត់​ថា ៖ នែ​ចិត្រ កូន​សំឡាញ់​ឪពុក ! កាល​បើ​ឪពុក​ស្លាប់​ទៅ​ហើយ ចូរ​បា​ចាំ​បណ្ដាំ​ឪពុក​ទុក​ចុះ​ថា ‹ ធម្មជាតិ​គ្រប់​យ៉ាង​ក្នុង​លោក​នេះ ដែល​មនុស្ស​លោក​សំគាល់​ថា ជា​ការ​រុងរឿង​ថ្លៃថ្លា​នោះ គឺ​ការ​តាំង​ខ្លួន​ឲ្យ​បាន​ស្ដុកស្ដម្ភ​ដោយ​ទ្រព្យ​សម្បត្តិ  ឯ​ការ​ដែល​រស់​នៅ​តោកយ៉ាក​នោះ អ្នក​ផង​ទាំង​ពួង​គេ​មិន​យក​ភ្នែក​មើល​ទេ ការ​រស់​បែប​នេះ​មិន​មែន​នាំ​ឲ្យ​បាន​សុខ​សប្បាយ​ទេ›  ប៉ុន្តែ​ពេល​នេះ​កូន​អើយ ! ឪពុក​នឹង​ប្រាប់​អ្នក​ឲ្យ​ធ្វើ​ដូចម្ដេច ទើប​បាន​សេចក្ដី​ចំរើន​នោះ​ពុំ​បាន​ទេ សុំ​ឲ្យ​គ្រាន់​តែ​រលឹក​ដល់​ពុទ្ធ​ភាសិត​មួយ​បទ​ថា ៖ ‹អត្តា ហិ អត្តនោ នាថោ › ខ្លួន​ត្រូវ​ទីពឹង​របស់​ខ្លួន  ប៉ុណ្ណេះ​ឲ្យ​រឿយៗ​ចុះ › ។ ឯ​គ្រូ​ពេទ្យ​និយាយ​ជ្រែក​ក្នុង​ខណៈ​នោះ​ថា ‹ តា​កុំ​អាល​អស់​សង្ឃឹម​រហ័ស​ពេក រោគ​របស់​តា​ដែល​ធ្ងន់​ដូច្នេះ​ក៏​មិន​ទាន់​ជា​អ្វី​ទេ នៅ​មាន​សង្ឃឹម​នឹង​សះ​ជា​ឡើង​វិញ​បាន › ។
           តា​ចឺម​ផ្គើន​ឲ្យ​គ្រូ​ពេទ្យ​ថា ‹ សះ​ជា​ឬ ? លោក​គ្រូ  គ្មាន​ផ្លូវ​សះ​ជា​ឡើង​វិញ​ជា​ប្រាកដ មាន​តែ​ផ្លូវ​ស្លាប់​មួយ​មុខ​ក្នុង​ព្រឹក​ស្អែក ឬ​យប់​នេះ ឬ ឥឡូវ​នេះ ក្នុង​ពេល​ណា​មួយ​ជា​មិន​ខាន › ។ តា​ចឺម​ឈប់​និយាយ​មួយ​ស្របក់ ហើយ​ចាប់​និយាយ​ត​ទៅ​ទៀត​ថា ៖ នែ ! ចិត្រ​កូន​សំឡាញ់​ឪពុក  ឪពុក​ទីទ័ល​ក្រ​ណាស់ គ្មាន​កេរ្តិ៍​មត៌ក​បន្តិច​បន្តួច​បម្រុង​ទុក​ឲ្យ​កូន​ឡើយ  ដល់​ឪពុក​ស្លាប់​ទៅ​មាន​តែ​សព ​និង ​ពាក្យ​បណ្ដាំ​ប៉ុណ្ណេះ​ទុក​ឲ្យ​កូន  ឯ​វិញ្ញាណក្ខន្ធ​របស់​ឪពុក ដែល​នឹង​បាន​ទទួល​សេចក្ដី​សុខ​ក្សេមក្សាន្ត​ក្នុង​លោក​ខាង​មុខ​នោះ លុះ​តែ​កូន​ប្រតិបត្តិ​តាម​បណ្ដាំ​របស់​ឪពុក​ទាំង​ប៉ុន្មាន​ម៉ាត់​នេះ ដែល​ជា​បណ្ដាំ​ចុង​ក្រោយ​បំផុត​របស់​បិតា  ។ មួយ​ទៀត វិជ្ជា​ដែល​ឪពុក​ទុក​ដាក់​ឲ្យ​កូន​ខំ​រៀន​សូត្រ ដរាប​ទាល់​តែ​ប្រឡង​ជាប់​សញ្ញាប័ត្រ​នោះ​ទុក​ជា​មត៌ក​មានតម្លៃ​មួយ ។ ឱ ! តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ឪពុក​អស់​បាន​ជួយ​ទំនុក​បម្រុង​កូន​ត​ទៅ​ទៀត​ហើយ ។
                     ចៅ​ចិត្រ កាល​បើ​បាន​ស្ដាប់​ពាក្យ​បណ្ដាំ​របស់​ឪពុក​ចប់​សព្វ​គ្រប់​ហើយ ក៏​ស្រក់​ទឹក​ភ្នែក​ច្រោកៗ ដោយ​មាន​ចិត្ត​អាល័យ​នឹង​អាណិត​ឪពុក​ជា​ទី​បំផុត ឱន​ក្បាល​ទៀប​ជើង​ឪពុក ហើយ​ខំ​និយាយ​ទាំង​ខ្សឹកខ្សួល​ជំរាប​ឪពុក​ថា ៖ លោក​ឪពុក ! បណ្ដាំ​គ្រប់ៗ​ម៉ាត់​ខ្ញុំ​បាទ​នឹង​កត់​ត្រា​ចាំ​ទុក​ក្នុង​ចិត្ត ខិត​ខំ​ប្រតិបត្តិ​តាម​បណ្ដាំ​គ្រប់​ប្រការ  សូម           លោក​ឪពុក​កុំ​បី​ព្រួយ​បារម្ភ​ឡើយ  ខ្ញុំ​បាទ​មាន​ជីវិត​រស់​នៅ​ដរាប​ណា  នឹង​ខំ​តាំង​ខ្លួន​ប្រាណ​តម្កល់​តម្កើង​វង្ស​ត្រកូល​ឲ្យ​បាន​ចំរើន​ដរាប​នោះ ។
ត​អំពី​ពេល​នោះ តា​ចឺម​មាន​អាការ​ដង្ហក់​កាន់​តែ​ញឹកញាប់​ខ្លាំង​ឡើង មាន​អាការ​ក្រវល់ក្រវាយ​ទំនង​ស្ល​ឈាម ហើយ​ទន់​ពាប់​ទៅ​រាល់​ៗ​គ្រា​មរណ​សង្គ្រាម កំពុង​ទន្ទ្រាន​ចូល​មក​ជិត​អ្នក​ជម្ងឺ​គ្រប់​ៗ​ដង្ហើម ទើប​គាត់​ខំ​ប្រឹង​និយាយ​ទៅ​រក​គ្រូ​ពេទ្យ ដែល​មាន​មេត្តា​ចិត្ត​ចំពោះ​ខ្លួន​ដោយ​សូរ​សំឡេង​ខ្សាវ​ៗ​ជា​ទំនង​សេចក្ដី​ ថា ‹ ទាន​ប្រោស​លោក​គ្រូ ! ខ្ញុំ​បាទ​នឹង​ដាច់​ខ្យល់​ស្លាប់​ក្នុង​ពីរ - បី​នាទី​នេះ​ហើយ សូម​អរ​ព្រះ​គុណ​នឹង​សូម​ជូន​បុណ្យ​លោក​គ្រូ​ដែល​មាន​ព្រះ​គុណ​លើ​ខ្លួន​ ខ្ញុំ​បាទ​ជា​អនេក ដោយ​បាន​ខំ​ថែ​ទាំ​រក្សា​ទាំង​បង់​ខាត​ថ្លៃ​ថ្នាំ​ជា​ច្រើន​ផង ហើយ​មិន​មាន​គិត​ថ្លៃ​រក្សា​និង​ថ្លៃ​ថ្នាំ​បន្តិច​ឡើយ  ខ្ញុំ​បាទ​ឥត​មាន​អ្វី​តប​ស្នង​សង​គុណ​លោក​គ្រូ​ទេ  ឱ ! ព្រះ​គុណ​អើយ  ត្រចៀក​ខ្ញុំ​បាទ​លេង​ឮ​ហើយ ឱ ! ចិត្រ​កូន ! ពុទ្ធោ អរហំ ! ›។
           ចៅ​ចិត្រ​ឱប​ឪពុក​ជាប់ ហាក់​ដូច​ជា​មិន​ព្រម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​តា​ចឺម​រត់​ចេញ​ពី​រាង​កាយ​ទៅ ​បាន តែ​បើ​ទុក​ជា​ចៅ​ចិត្រ​ខំ​ប្រឹង​ទប់ទល់​យ៉ាង​ណា ក៏​គង់​តែ​មិន​សម្រេច​ដូច​បំណង ព្រោះ ជាតិ ជរា ព្យាធិ មរណៈ (កើត  ចាស់  ឈឺ  ស្លាប់ ) ជា​មត៌ក​របស់​សត្វ​លោក ឥត​មាន​សត្វ​ណា​មួយ​គេចវេះ​ចៀសវាង​ឲ្យ​រួច​ផុត​ទៅ​បាន​ឡើយ អម្បាល​ដូច​យ៉ាង​ព្រះ​អរហំ​សម្មា​សម្ពុទ្ធ​ម៉េច​ក៏​គង់​តែ​ស្ដេច​ចូល​ បរិនិព្វាន​មិន​ខាន ។
           នៅ​ទី​បំផុត​នេះ តា​ចឺម​ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​ចំណី​អាហារ​មច្ចុរាជ គឺ​ដាច់​ខ្យល់​ផុត​ដង្ហើម​ក្នុង​កណ្ដាប់​ដៃ​របស់​ចៅ​ចិត្រ​ជា​កូន តា​ចឺម​ក៏​ទទួល​មរណភាព ក្នុង​ខណៈ​ដែល​ដួង​ចន្ទ្រ​អស្ដង្គត​បាត់​ពន្លឺ​រស្មី ព្រម​ជា​មួយ​គ្នា​ក្នុង​គ្រា​នោះ​ឯង ។
តើរឿងកុលាបប៉ៃលិន វគ្គបន្តយ៉ាងណានោះ សូមចុច [Download] ដើម្បីទាញយកអត្ថបទរឿងទាំងមូល តាំងពីភាគ១ ដល់ភាគបញ្ចប់ ។

Không có nhận xét nào:

Đăng nhận xét